សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើ កទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាតនេះរៀបចំឡើងដើម្បីពិនិត្យឡើងវិញអំពីសកម្មភាពការងារដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែនការក៏ដូចជាគោលដៅការងារសម្រាប់អនុវត្តន៍បន្ត។
សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជារួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧបត្ថម្ភ យ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ខួប៤៥ឆ្នាំ នៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចមហាសន្និបាតថ្ងៃនេះ ធ្វើឡើងដើម្បីរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្រ្ត នៃដំណើរចាប់ផ្តើមរស់រានមានជីវិតជាថ្មីរបស់មាតុភូមិ និងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
មហាសន្និបាតនេះ គឺមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ៕