មន្ត្រីក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ការទម្លាក់គ្រាប់បែក និងការលុកលុយរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឱ្យមន្ទីរពេទ្យចំនួន ២៥ក្នុងចំណោមមន្ទីរពេទ្យ ៣៥កន្លែង នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ លែងដំណើរការបាន ។

លោក អូសាម៉ា ហាំដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុង បេរូត(Beirut) បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីប្រទេសលីបង់ថា សង្គ្រាមនេះក៏បានបំផ្លាញអគាររដ្ឋាភិបាលចំនួន ៩៤ កន្លែង និងសាលារៀនចំនួន ២៥៣ កន្លែងផងដែរ។

ប្រជាជនប៉ាឡេស្ទីនដែលជាប់នៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សាកំពុងជីកផ្នូរដ៏ធំមួយកាលពីថ្ងៃអង្គារដើម្បីបញ្ចុះសពអ្នកជំងឺដែលបានស្លាប់នៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល ហើយបាននិយាយថាមិនមានផែនការណាមួយដើម្បីជម្លៀសទារកនោះទេ ទោះបីជាអ៊ីស្រាអែលបានប្រកាសពីការផ្តល់ជូនឧបករណ៍ចិញ្ចឹមទារកចល័តក៏ដោយ។

កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យអាល់ស៊ីហ្វា(Al-Shifa) ក្នុងទីក្រុង ហ្កាហ្សា ដែលពួកគេនិយាយថា ស្ថិតនៅលើទីស្នាក់ការក្រោមដីរបស់ពួកសកម្មប្រយុទ្ធហាម៉ាស។
ក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សានេះ បានបដិសេធថាក្រុមយុទ្ធជន មានវត្តមាន ហើយនិយាយថាអ្នកជំងឺ ៦៥០ នាក់និងជនស៊ីវិលដែលផ្លាស់ទីលំនៅផ្សេងទៀតចាប់ពី៥.០០០នាក់ ទៅ ៧.០០០នាក់ ត្រូវបានជាប់នៅក្នុងបរិវេណមន្ទីរពេទ្យក្រោមការបាញ់ប្រហារឥតឈប់ឈរពីកងកម្លាំង ឆ្មក់បាញ់ស៊ីប និងយានដ្រូន ។
ក្រុមនេះនិយាយថាអ្នកជំងឺ ៤០ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងទារកកើតមិនគ្រប់ខែចំនួន ៣ នាក់ដែលឧបករណ៍ចិញ្ចឹមទារក ត្រូវបានបិទនៅពេល ដាច់ភ្លើង៕