ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយរដ្ឋមន្ត្រីធនធានធម្មជាតិ លោក អាឡិចហ្សាន់ឌឺ គូសឡូវ (Alexander Kozlov) កំពុងបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ខណៈរដ្ឋឯកោខាងនយោបាយមួយនេះ បានប្រកាសពីវឌ្ឍនភាពថ្មីនៅក្នុងកម្មវិធីមីស៊ីលបាលិស្ទិកដែលត្រូវបានហាមឃាត់របស់ខ្លួន។

លោក Kozlov បានទៅដល់ប្រទេសនោះកាលពីថ្ងៃអង្គារ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយបណ្ដារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដែលអនុវត្តបទឈប់បាញ់សង្គ្រាមកូរ៉េនៅទីក្រុងសេអ៊ូល ហើយបាននិយាយថា ពួកគេមានការព្រួយបារម្ភថា ចិន និងរុស្ស៊ី កំពុងជួយកូរ៉េខាងជើង ពង្រីកសមត្ថភាពយោធារបស់ខ្លួន ដោយអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង គេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយបន្ថែមថា រុស្ស៊ី ចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាក់លាក់» ជាមួយកូរ៉េខាងជើង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលពួកគេជួបគ្នាកាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី៕
