តំណាងរាស្ត្រជាន់ខ្ពស់ចំនួន២រូបរបស់អ៊ីស្រាអែល បានជំរុញដល់មេដឹកនាំពិភពលោកឲ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ស្របពេលសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងសារពេ័ត៌មាន The Wall Street Journal។

សមាជិកគណបក្សលីគូដ (Likud ) លោក ដានី ដាណុន(Danny Danon) និងសមាជិក បក្ស យ៉េសអាទីដ (Yesh Atid) លោករាំបេនបារ៉ាក់ (Ram Ben-Barak)បាននិយាយថា មេដឹកនាំមានការចាំបាច់ខាងសីលធម៌ ដើម្បីជួយប្រជាជន ហ្កាហ្សា ដោយអនុញ្ញាតឱ្យជនភៀសខ្លួន ចំនួនមានកំណត់ ដែលចង់ផ្លាស់ប្តូរទីលំនៅពីតំបន់ហែកហួរដោយសង្រ្គាមចូលទៅក្នុងប្រទេសរបស់ពួកគេ។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការលុកលុយថ្មើរជើងនៅតំបន់ហ្កាហ្សាបានធ្វើឱ្យមនុស្សជាង ១.៥ លាននាក់ផ្លាស់ទីលំនៅ។ អង្គការសហប្រជាជាតិ បាននិយាយថាផ្ទះសម្បែងប្រហែលមួយភាគបួនលានក៏ត្រូវបានខូចខាត ឬបំផ្លាញផងដែរ។
យោធាអ៊ីស្រាអែលបានជំរុញឱ្យ ពលរដ្ឋហ្កាហ្សា ផ្លាស់ទីពីភាគខាងជើងនៃដែនដី ទំហំ១៤០ ម៉ាយក្រឡាទៅភាគខាងត្បូង ដើម្បីជៀសវាងការជាប់ខ្លួននៅក្នុងជម្លោះអស់រយៈពេលជាច្រើនសប្តាហ៍ ទោះបីជាការវាយប្រហារនៅតែបន្តកើតមានពាសពេញតំបន់ក៏ដោយ។

តំណាងរាស្ត្រទាំងពីរបានលើកឡើងថា ការទទួលយកជនភៀសខ្លួន ហ្កាហ្សានឹងមិនខុសពីកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការទទួលយកជនភៀសខ្លួនពីសង្គ្រាមស៊ីវិលស៊ីរី និងលីប៊ីក្នុងទសវត្សរ៍ចុងក្រោយនេះ និងការខិតខំប្រឹងប្រែងស្រដៀងគ្នាទាក់ទងនឹងសង្គ្រាមយូហ្គោស្លាវីកាលពីទសវត្សរ៍ឆ្នាំ ១៩៩០នោះឡើយ។ លោកទាំង២បានសរសេរថា បណ្តាប្រទេសជុំវិញពិភពលោកគួរតែផ្តល់ជម្រកសម្រាប់ក្រុមពលរដ្ឋហ្កាហ្សា ដែលស្វែងរកការផ្លាស់ទីលំនៅ ។ប្រទេសនានាអាចសម្រេចបានដោយបង្កើតកម្មវិធីផ្លាស់ប្តូរទីលំនៅដែលមានរចនាសម្ព័ន្ធល្អ និងសម្របសម្រួលជាអន្តរជាតិ៕