ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតាជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សេរីភាពដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោក ស៊ី កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៧ មក។ លោកគ្រោងនឹងជួបលោកប្រធានាធិបតី បៃដិន នៅឯទីតាំងដែលមិនបានបញ្ជាក់នៅក្នុងតំបន់ឆកសមុទ្រនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ នៅព្រឹកថ្ងៃពុធនេះ ហើយបន្ទាប់មកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

កិច្ចប្រជុំកំពូលរបស់លោក ស៊ី ជាមួយលោក បៃដិន នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំអាមេរិក និងចិន ក្នុងរយៈពេលមួយឆ្នាំ ហើយត្រូវបានក្រុមមន្ត្រីសហរដ្ឋអាមេរិក ចាត់ទុកថាជាឱកាសមួយដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអ្វីដែលមនុស្សជាច្រើនមើលឃើញថាជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក។
នៅពេលដែលលោក បៃដិន ទៅដល់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ មិនយូរប៉ុន្មានមុនពេលយន្តហោះរបស់លោក ស៊ី ចុះចត ក្រុមបាតុករជាច្រើនបានស្វាគមន៍ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកពីព្រលានយន្តហោះ។ អ្នកខ្លះគ្រវីទង់ជាតិចិន និងកាន់បដាអំពាវនាវឲ្យមានចំណងមិត្តភាព «យ៉ាងកក់ក្តៅ» រវាងសហរដ្ឋអាមេរិក និងចិន ខណៈអ្នកខ្លះទៀតកាន់ស្លាកសញ្ញាសរសេរថា ថ្កោលទោសបក្សកុម្មុយនិស្តចិន៕