ពលរដ្ឋចិន រស់នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បានជួបជុំគ្នា ស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារ ម៉ោងនៅសហរដ្ឋអាមេរិក ចំពោះការមកដល់របស់លោកនៅក្នុងទីកក្រុងនេះ សម្រាប់ជំនួបកំពូលចិន-អាមេរិក និងជំនួបមេដឹកនាំសេដ្ឋកិច្ចអេប៉ិច (APEC)លើកទី៣០។

ជំនួបកំពូលចិន -សហរដ្ឋអាមេរិក រវាង លោក Xi និងលោក Biden នឹងក្លាយជាជំនួបទល់មុខគ្នាលើលើកដំបូង រវាងប្រធានាធិបតីទាំង២ ចាប់តាំងពីការជួបគ្នានៅក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន។
គេបានមើលឃើញមនុស្សជាច្រើនឈរតម្រង់ជួរយ៉ាងវែងពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគារ ដែលលោក Xi នឹងស្នាក់នៅ និងកំពុងក្រវីទង់ជាតិចិន និងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទថាប្រធានាធិបតីទាំង២នឹងមានការពិភាក្សាពី ទំនាក់ទំនងកាន់តែស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ ភាពទូលំទូលាយ និងសារៈសំខាន់ជាមូលដ្ឋាន ក្នុងទំនាក់ទំនងចិន-អាមេរិក និងបញ្ហាសំខាន់នៃក្ដីបារម្ភពីសន្តិភាពពិភពលោក និងការអភិវឌ្ឍន៍ ៕