ជីវិតរបស់ទារក ៣៦នាក់ នៅមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់ហ្កាហ្សា បានស្ថិតក្នុងហានិភ័យ កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) នេះបើយោងតាមបុគ្គលិកពេទ្យនៅទីនោះ ដែលបាននិយាយថា មិនមានយន្តការច្បាស់លាស់ដើម្បីជម្លៀសពួកគេ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់ឧបករណ៍កម្ដៅខ្លួនទារកទុកសម្រាប់ការជម្លៀសក៏ដោយ។
ទារកចំនួន ៣នាក់ ក្នុងចំណោមទារកកើតមិនគ្រប់ខែ ៣៩នាក់ បានស្លាប់រួចទៅហើយ ចាប់តាំងពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា មួយនេះបានអស់ប្រេងឥទ្ធនៈសម្រាប់ប្រតិបត្តិការកាលពីចុងសប្តាហ៍ លើម៉ាស៊ីនភ្លើងដែលរក្សាឧបករណ៍កម្ដៅខ្លួនទារក។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងសម្របសម្រួលការផ្ទេរឧបករណ៍សង្រ្គោះទារកទាំងនោះចូលទៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ក្នុងជំហានមួយដើម្បីអនុញ្ញាតឱ្យមានការជម្លៀសទារក។ យោធានេះមិនបាននិយាយថា តើខ្លួននឹងត្រូវធ្វើជំហានណាខ្លះដើម្បីដំណើរការជម្លៀសចេញ ស្របចំពេលមានការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងក្លា និងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅក្បែរមន្ទីរពេទ្យ អាល់ស៊ីហ្វា នោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស បាននិយាយថា មិនមានការជំទាស់នឹងការជម្លៀសទារកនោះទេ ប៉ុន្តែអ៊ីស្រាអេល មិនទាន់មានយន្តការក្នុងការធ្វើរឿងនេះឡើយ។
មន្ទីរពេទ្យជាច្រើននៅតំបន់ហ្កាហ្សា ដូចជាមន្ទីរពេទ្យដ៏ធំ អាល់ស៊ីហ្វា ក៏ត្រូវបានបិទផងដែរ ដោយសារតែខ្វះប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ ឬមានអ្នកជំងឺកកកុញពេក និងអ្នកដែលរងរបួសដ៏ច្រើនលើសលប់ពីក្នុងការប្រយុទ្ធគ្នា៕