តុលាការបានសម្រេចចោទប្រកាន់ជនជាតិថៃ និងឡាវ សរុប ៥នាក់ ដែលនាំគ្រឿងញៀនជាង ១០០គីឡូក្រាមឆ្លងដែននៅកម្ពុជា។
លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលមានជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ ចេង វឿត ភេទប្រុស ជនជាតិឡាវ ទី២-ឈ្មោះ វ៉ាស៊ីន សែកគឺ ភេទប្រុស ជនជាតិថៃ និងទី៣-ឈ្មោះ ជីនណាវ៉ាត សែលី ភេទប្រុស ជនជាតិថៃ ត្រូវបានសង្ស័យថាបានប្រព្រឹត្តសកម្មភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្ថែមថា បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីនេះ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។
លោក ប្លង់ សុផល បន្ថែមទៀតថា ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើជនសង្ស័យទាំង៣នាក់ខាងលើ ដែលសមត្ថកិច្ចបានឃាត់ខ្លួន និងជនជាតិឡាវចំនួន ២នាក់ទៀតដែលកំពុងគេចខ្លួនមាន ១-ឈ្មោះ លី ម៉េង ភេទប្រុស និង២-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ ដោយសម្រេចចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា