បាតុកររាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ សម្រាប់បាតុកម្មមួយគាំទ្រអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ប្រទេសនេះ ជាមួយក្រុមហាម៉ាស និងថ្កោលទោសការកើនឡើងការផ្នត់គំនិតប្រឆាំងជនជាតិជ្វីហ្វ។

ផ្លូវជាច្រើនកន្លែងត្រូវបានបិទនៅជុំវិញទីប្រជុំជនភាគច្រើន សន្តិសុខត្រូវបានរឹតបន្តឹង ខណៈមនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅពេលថ្ងៃរះនៅឧទ្យានជាតិ National Mall ដែលមនុស្សជាច្រើនបានកាន់ទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ការតវ៉ា និងបាតុកម្មសាធារណៈជាច្រើន ទាំងគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានរាលដាលនៅជុំវិញពិភពលោក ចាប់តាំងពីខ្មាន់កាំភ្លើងមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានសម្រុកចូលតាមប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្ស១.២០០នាក់ស្លាប់ និងប្រមាណ២៤០នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរនាំយកទៅកាន់តំបន់ហ្កាហ្សា។
ប្រទេសអ៊ីស្រាអែល បានឆ្លើយតបវិញដោយការបិទផ្លូវតឹងរ៉ឹងនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសនិងបានទម្លាក់គ្រាប់បែកតាមអាកាស ព្រមទាំងវាយប្រហាតាមដីគោក ដែលអាជ្ញាធរប៉ាឡេស្ទីន និយាយថា បានសម្លាប់មនុស្សជាង១១.០០០នាក់ ប្រមាណ៤០ភាគរយក្នុងចំណោមនេះជាកុមារ។