ក្រុមអ្នកជំនាញអន្តរជាតិ បានព្រមាននៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះថា មនុស្សជិត៥ដងបន្ថែមទៀតទំនងជានឹងស្លាប់ដោយសារតែកម្តៅក្តៅខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខនេះ ហើយប្រសិនបើគ្មានវិធានការលើបម្រែបម្រួលអាកាសធាតុនោះទេ សុខភាពរបស់មនុស្សនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ។

យោងតាម The Lancet Countdown ជាស្ថាប័នវាយតម្លៃប្រចាំឆ្នាំដ៏សំខាន់ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ និងស្ថាប័នឈានមុខ បានឲ្យដឹងថា កម្តៅដែលអាចធ្វើឲ្យមនុស្សស្លាប់ ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលកំពុងកើនឡើងនៅលើពិភពលោក គំរាមកំហែងដល់សុខភាពមនុស្ស ។

អ្នកស្រាវជ្រាវបានព្រមានថា គ្រោះរាំងស្ងួតទូទៅកាន់តែច្រើននឹងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមហានិភ័យភាពអត់ឃ្លាន សត្វមូសរាលដាលកាន់តែឆ្ងាយជាងពេលណាៗទាំងអស់ចម្លងជំងឺឆ្លង ហើយប្រព័ន្ធសុខាភិបាលនឹងព្យាយាមដើម្បីទប់ទល់ជាមួយបន្ទុកនេះ។
ការវាយតម្លៃនេះ ធ្វើឡើងក្នុងអំឡុងពេល អ្វីដែលគេរំពឹងថាជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលកាលសប្តាហ៍មុនអ្នកតាមដានអាកាសធាតុរបស់អឺរ៉ុប បានប្រកាសថាកាលពីខែតុលាមុន ជាខែក្តៅបំផុតក្នុងកំណត់ត្រា។
វាក៏កើតឡើងមុនកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ នៅខែក្រោយ ដែលនឹងរៀបចំ «ទិវាសុខភាព» ជាលើកដំបូងនៅថ្ងៃទី ៣ ខែធ្នូ ខណៈអ្នកជំនាញព្យាយាមបំភ្លឺអំពីផលប៉ះពាល់នៃការឡើងកម្តៅផែនដីសកល មកលើសុខភាព។ របាយការណ៍របស់ The Lancet Countdown បាននិយាយថា ទោះបីជាមានការអំពាវនាវកើនឡើងសម្រាប់សកម្មភាពជាសាកលក៏ដោយ ការបំភាយកាបូនដែលទាក់ទងនឹងថាមពល បានកើនឡើងដល់កម្រិតខ្ពស់ថ្មីកាលពីឆ្នាំមុន ។