រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍(Yoav Gallant) បានប្រាប់បណ្តាញព័ត៌មានវិទ្យុរបស់កម្លាំងការពារអ៊ីស្រាអែល(IDF) កាលពីថ្ងៃអង្គារថា ការវាយលុកថ្មើរជើងបស់ប្រទេសនេះលើតំបន់ហ្កាហ្សា នឹងមានរយៈពេលជាច្រើនខែ ហើយរាប់បញ្ចូលទាំងផ្នែកខាងត្បូងនៃដែនដីនេះ ដែលជាកន្លែងជនជាតិប៉ាឡេស្ទីនប្រហែលមួយលាននាក់ ត្រូវបានបញ្ជាឲ្យភៀសខ្លួនទៅ ខណៈដែល អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែក នៅភាគខាងជើង។

លោកហ្គាឡែនធ៍ បានថ្លែងប្រាប់សេវាព័ត៌មានវិទ្យុ GLZ ថា៖«កិច្ចប្រតិបត្តិការនេះ នឹងមានរយៈពេលជាច្រើនខែ ហើយវានឹងរួមបញ្ចូលទាំងភាគខាងជើង និងភាគខាងត្បូង»។ «យើងនឹងកម្ទេចក្រុមហាម៉ាស នៅគ្រប់ទីកន្លែង។ ក្រុមហាម៉ាស កំពុងតែត្រូវបានបំផ្លាញ»។

កម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់របស់សារព័ត៌មាន Semafor ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ហ្គាឡែនធ៍នោះទេ។
កម្លាំងការពារអ៊ីស្រាអែល បានកំណត់គោលដៅម្តងហើយម្តងទៀតលើតំបន់ហ្កាហ្សាភាគខាងត្បូងតាម រយៈការវាយប្រហារតាមអាកាស បើទោះបីជាបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាភាគខាងជើងឲ្យជម្លៀស ទៅទីនោះក៏ដោយ។
ក្នុងការការពារការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង អ៊ីស្រាអែល អះអាងថា មាន «គោលដៅស្របច្បាប់»របស់ក្រុមសកម្មប្រយុទ្ធដែលរស់នៅក្បែរផ្ទះជនស៊ីវិល នៅទូទាំងតំបន់នេះ។