ចំនួនជនជាតិវេណេហ្ស៊ុយអេឡាដែលឆ្លងដែនដោយខុសច្បាប់រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានធ្លាក់ចុះជិតពាក់កណ្តាលចាប់តាំងពីជើងហោះហើរនិរទេសបានចាប់ផ្តើមឡើងវិញកាលពីខែមុន។
ស្ថិតិពីអង្គភាពគយ និងល្បាតព្រំដែន (CBP) បង្ហាញពីការធ្លាក់ចុះចំនួន៤៦% នៃការមកដល់បែបនេះ។

កាលពីដើមខែតុលា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ខ្លួននឹងនិរទេសជនជាតិវេណេហ្ស៊ុយអេឡា ដែលមិនមានសិទ្ធិសុំសិទ្ធិជ្រកកោន ឬស្ថានភាពស្របច្បាប់បណ្តោះអាសន្ន។
មនុស្សជាង៧លាននាក់បានភៀសខ្លួនចេញពីប្រទេសវេណេហ្ស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមតួលេខរបស់អង្គភាពគយ និងល្បាតព្រំដែន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ភ្នាក់ងារព្រំដែនបានចាប់ជនជាតិវេណេហ្ស៊ុយអេឡាចំនួន ២៩.៦៣៧ នាក់ នៅព្រំដែនកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ កាលពីខែកញ្ញាដែលមានដល់ទៅ៥៤.៨៣៣ នាក់ ។
ការចូលដោយខុសច្បាប់ជាទូទៅនៅតាមបណ្តោយព្រំដែនភាគខាងត្បូងក៏បានថយចុះផងដែរកាលពី ខែតុលាចំនួន១៤% ពីជិត ២១៩.០០០នាក់ កាលពីខែកញ្ញា។

កាលពីថ្ងៃទី ១៨ ខែតុលា កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានចាប់ផ្តើមជើងហោះហើរនិរទេសទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ចាប់តាំងពីពេលនោះមក ប្រជាជនវេណេហ្ស៊ុយអេឡារាប់រយនាក់ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ។ កាលពីខែខែកញ្ញា សហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ជនជាតិវេណេហ្ស៊ុយអេឡាប្រហែល ៤៧២.០០០នាក់ នឹងមានសិទ្ធិទទួលបានឋានៈការពារបណ្តោះអាសន្ន (TPS) សម្រាប់រយៈពេល ១៨ ខែ៕