ប៉ាឡេស្ទីន ៖ ពលរដ្ឋប៉ាឡេស្ទីន ដែលជាប់នៅខាងក្នុងមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា បានជីកផ្នូររួមធំមួយ កាលពីថ្ងៃអង្គារ ដើម្បីបញ្ចុះសពអ្នកជម្ងឺដែលបានស្លាប់នៅក្រោមការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល និងបាននិយាយថា ពុំមានផែនការដើម្បីជម្លៀសទារកចេញនោះទេ ទោះបីជាអ៊ីស្រាអែល បានប្រកាសពីការផ្តល់ឲ្យកែវចិញ្ចឹមទារកចល័តក៏ដោយ។
កងកម្លាំងអ៊ីស្រាអែល បានហ៊ុមព័ទ្ធមន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ដែលពួកគេនិយាយថា ស្ថិតនៅពីលើទីស្នាក់ការក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្រុមហាម៉ាស ជាក្រុមអ៊ីស្លាមនិយម កំពុងគ្រប់គ្រងនៅតំបន់ហ្កាហ្សា បានបដិសេធដែលថាមានអ្នកប្រយុទ្ធមានវត្តមាននៅទីនោះ និងបាននិយាយថា អ្នកជំងឺ ៦៥០នាក់ និងជនស៊ីវិលភៀសខ្លួន៥.០០០ ទៅ ៧.០០០នាក់ផ្សេងទៀត បានជាប់នៅក្នុងបរិវេណមន្ទីរពេទ្យ ក្រោមការបាញ់ផ្លោងឥតឈប់ឈរពីក្រុមអ្នកឆ្មក់បាញ់ និងយានដ្រូន។ ក្រុមនេះនិយាយថាអ្នកជំងឺ ៤០ នាក់បានស្លាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងទារកកើតមិនគ្រប់ខែចំនួន៣នាក់ ដែលកែវចិញ្ចឹមបានបែក។ មន្ត្រីក្រុមហាម៉ាសក្នុងទីក្រុង Beirut បាននិយាយថា មន្ទីរពេទ្យចំនួន ២៥កន្លែង ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៥ កន្លែងនៅតំបន់ហ្កាហ្សា លែងប្រើប្រាស់បាន ដោយសារតែការវាយលុករបស់អ៊ីស្រាអែល។
លោក Ashraf Al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មានសាកសពប្រហែល ១០០ នាក់ បានស្អុយរលួយនៅខាងក្នុង ហើយគ្មានផ្លូវអាចយកសាកសពចេញបាននោះទេ។ លោកបានប្រាប់សារព័ត៌មានប្រាប់រ៉យទ័រថា «យើងមានផែនការបញ្ចុះសពពួកគេ នៅក្នុងផ្នូររួមធំមួយនៅខាងក្នុងអគារមន្ទីពេទ្យ Al Shifa។ វានឹងមានគ្រោះថ្នាក់ខ្លាំង ដោយសារយើងពុំមានការរារាំងណាមួយ ឬការការពារពីគណៈកម្មាធិការកាកបាទក្រហម (ICRC) និងអង្គការអឌ្ឍចន្ទក្រហមអន្តរជាតិ ។

