មីយ៉ាន់ម៉ា ៖ ក្រុមឧទ្ទាមមីយ៉ាន់មួយក្រុមបាននិយាយនៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា សមាជិករាប់សិបនាក់នៃកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានចុះចាញ់ ឬត្រូវបានចាប់ខ្លួន ខណៈដែលការវាយលុកសម្របសម្រួលដោយក្រុមបះបោរ ដែលកំពុងប្រយុទ្ធនឹងរបបសឹក បានប្រមូលផ្តុំក្នុងផ្នែកជាច្រើននៃប្រទេស។
ក្រុមឧទ្ទាម ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា មួយនេះបាននិយាយថា យ៉ាងហោចណាស់នគរបាលចំនួន ២៨ នាក់ បានបោះបង់ចោលអាវុធរបស់ពួកគេ ហើយបានចុះចាញ់នឹងកងទ័ពអារ៉ាកាន់ (AA) ខណៈទាហាន ១០នាក់ ត្រូវបានចាប់ខ្លួន។
រដ្ឋបាលនៅទីនោះបាននិយាយថា បម្រាមគោចរត្រូវបានដាក់នៅរដ្ឋធានី ស៊ីតវ៉េ (Sittwe) នៃរដ្ឋរ៉ាឃីន ជាទីដែលរថក្រោះយោធាជាច្រើនត្រូវបានគេមើលឃើញ។
ក្រុមឧទ្ទាមបានវាយដណ្តើមយកទីប្រជុំជន និងប៉ុស្តិ៍បញ្ជាការយោធាមួយចំនួន រួមទាំងនៅតាមព្រំដែនជាមួយប្រទេសចិន ដោយផ្ដល់ឲ្យរបបសឹកមីយ៉ាន់ នូវការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីយោធានេះបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។
អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun កាលពីថ្ងៃអង្គារ បានចោទប្រកាន់ក្រុមឧទ្ទាមថាកំពុង «បំផ្លាញប្រទេសទាំងមូល» ហើយបាននិយាយថា របាយការណ៍នៃការវាយយកបានទីតាំងយោធាគឺជា «ការឃោសនាតែប៉ុណ្ណោះ»។
យោធាមីយ៉ាន់បាននិយាយជាច្រើនទសវត្សរ៍មកហើយថា ខ្លួនជាស្ថាប័នតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រងសហភាពមីយ៉ាន់ម៉ា ដ៏ចម្រូងចម្រាស់មួយនេះឲ្យនៅគង់វង្ស ប៉ុន្តែក្រុមអ្នករិះគន់របបសឹក បានច្រានចោលការអះអាងនោះ ហើយអំពាវនាវឲ្យមានការគ្រប់គ្រងបែបប្រព័ន្ធសហព័ន្ធ និងប្រជាធិបតេយ្យជំនួសវិញ៕

