ពោធិ៍សាត់៖ បន្ទាប់ពីប្រទេសកម្ពុជាជួបគ្រោះមហន្តរាយដោយទឹកជំនន់ នៅតាមរាជធានី និងខេត្តមួយចំនួននោះ សប្បុរសជននានា ដែលដឹកនាំដោយអ្នកស្រី ម៉ន ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ម៉នដានី រៀលអ៊ី ស្ទេត ឯកឧត្ដម និងស្វាមី ផង់ផាន់ ឃុនថាវង្ស នៅថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំអំណោយជាច្រើនយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជាងបួនពាន់គ្រួសារនៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលកំពុងជួបបញ្ហាទឹកជំនន់នោះ។
អំណោយទាំងអស់នោះរួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរ។
អ្នកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈបក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់ ហើយការជួយនេះ គឺមិនមែនតែបងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងពីរខាងលើនេះទេ គឺនឹងបន្តជួយនៅតាមខេត្តផ្សេងៗទៀតដែលអាចធ្វើទៅបាន ខណៈពួកគាត់កំពុងជួបបញ្ហាលំបាកនេះ។»
បន្ទាប់ពីធ្វើការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ម៉ៅ ធនិន និងឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌នេះ ដែលស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាកនោះ។
ឯកឧត្ដមអភិបាលខេត្តទាំងពីរក៏បាន លើកឡើងផងដែរថា សមានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកបុរី KP ម៉ន ដានី រួមទាំងសប្បុរសជននានានេះនឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់ និងបាត់ដំបង និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលនូវអំណោយទាំងនេះ៕ អត្ថបទបាន ចក់






