ភ្នំពេញ៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍នៅរាជធានីភ្នំពេញ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។
ជួបសម្ភាសន៍ផ្ទាល់រវាងទូទរស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ នៅព្រះបរមរាជវាំង ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បាននិយាយថា ពួកគាត់ពិតជាត្រេកអរណាស់ចំពោះការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកមានការយោគយល់ និងសន្តោសប្រណីលើការងារនេះមកកាន់ក្រុមរបស់ពួកគាត់។
ពួកគាត់ក៏បានសម្តែងការដឹងគុណ និងអំពាវនាវផងដែរទៅកាន់រាជរដ្ឋាភិបាល សូមទាក់ទាញភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជាអោយកាន់តែច្រើនថែមទៀត ដើម្បីមានការងារធ្វើ និងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកបភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដើម្បីជាយន្តការលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ សំដៅចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការ ហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤៕អត្ថបទ៖ ឈិត បូរ៉ាវី