
ក្នុងខណៈដែលអ៊ុយក្រែនត្រៀមខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីលើទីតាំងថាមពលនានា នៅរដូវរងាជាលើកទី២ បណ្ដាអង្គភាពការពារដែនអាកាសទាំងអស់ ប្រើប្រាស់ធនធានដែលមានគ្រប់យ៉ាងដើម្បីពង្រឹងប្រសិទ្ធភាពការពាររបស់ពួកគេ។
ទោះបីជាអ៊ុយក្រែនកំពុងពឹងផ្អែកលើប្រព័ន្ធសព្វាវុធថ្មី និងទំនើបជាងមុន ដើម្បីជួយការពារប្រទេសរបស់ពួកគេកុំឲ្យធ្លាក់ចូលទៅក្នុងភាពងងឹតម្តងទៀតក៏ដោយ ក៏អង្គភាពការពារដែនអាកាសបានប្រើប្រាស់អ្វីៗទាំងអស់ដែលមាន ក្នុងនោះរួមទាំងកាំភ្លើង និងប្រព័ន្ធដែលមានតាំងពីសម័យសូវៀត។
មេបញ្ជាការកងកម្លាំងចម្រុះអ៊ុយក្រែនលោក Serhii Naiev បាននិយាយថា៖ «យើងអាចឃើញថា សូម្បីតែឧបករណ៍ចាស់ៗ ដែលសល់ពីសម័យសូវៀត ក៏អាចដំណើរការបានយ៉ាងល្អក្នុងដៃដ៏ជំនាញរបស់ក្មេងៗរបស់ពួកយើង។ រាល់ការបាញ់ទាំងអស់ ដែលខ្ញុំបានឃើញផ្ទាល់ភ្នែកថ្ងៃនេះ គឺត្រង់ល្អណាស់ ហើយគ្រប់គោលដៅ ត្រូវបានបាញ់ទម្លាក់ទាំងអស់»។
សូមរំលឹកថា ស្ទើរតែពាក់កណ្តាលនៃប្រព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានខូចខាត ដោយសារការវាយប្រហាររបស់រុស្ស៊ី កាលពីរដូវរងាឆ្នាំមុន នៅពេលដែលទីក្រុងម៉ូស្គូ បានបាញ់ប្រហារចំរោងចក្រ និងឧបករណ៍បំប្លែងថាមពល ដោយមីស៊ីលតម្រង់គោលដៅ និងយានដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់។ ហើយនៅពេលខ្លះមនុស្សរាប់លាននាក់ ត្រូវគ្មានចរន្តអគ្គិសនីប្រើប្រាស់។
ដោយភ័យខ្លាចពីការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីជាថ្មី អំឡុងរយៈពេលជាច្រើនខែនៃរដូវត្រជាក់ខាងមុខនេះ ទីក្រុងគីវបាននិងកំពុងអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់អាវុធបន្ថែមទៀតឲ្យបានមុនរដូវរងា ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី៕