
ឧទ្ធម្ភាគចក្រ Apache របស់ជប៉ុន នៅថ្ងៃពុធ (១៥ វិច្ឆិកា) បានហោះហើរក្នុងកម្រិតទាបលើកោះដែលគ្មានមនុស្សរស់នៅ នៅប្រជុំកោះអូគីណាវ៉ា ក្នុងការហ្វឹកហ្វឺនវាយប្រហារនិមិ្មតលើកងកម្លាំងឈ្លានពាន ដោយជាផ្នែកនៃសមយុទ្ធដែលកំពុងដំណើរការនៅក្នុងប្រទេសជប៉ុន ដើម្បីត្រៀមរៀបចំកងកម្លាំងដែនអាកាស សមុទ្រ និងដីគោក សម្រាប់ជម្លោះដែលអាចកើតមាននៅអាស៊ីបូព៌ា។
ការហាត់សមហោះហើរលើកោះ អ៊ីរីសុណា (Irisuna) ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីប្រជុំកោះ អូគីណាវ៉ា គឺជាផ្នែកមួយនៃសមយុទ្ធ 05JX ទូទាំងប្រទេសរយៈពេល ១១ថ្ងៃរបស់ប្រទេសជប៉ុន។ សមយុទ្ធដែលបានបញ្ចប់នៅថ្ងៃច័ន្ទខាងមុខនេះ ក៏រួមបញ្ចូលផងដែរនូវសមយុទ្ធការពារដែនអាកាសនៅភាគខាងជើងរបស់ប្រទេសជប៉ុន និងបានធ្វើការវាយប្រហារនិមិ្មតលើម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនប្រាំ រួមទាំងរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ផងដែរ។
សមយុទ្ធយោធាបែបនេះ គឺដើម្បីពង្រីកវិសាលភាព និងធ្វើឡើងកាន់តែញឹកញាប់ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងខែធ្នូ បានបង្ហាញពីការកសាងយោធា ដែលនឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងកងកម្លាំងស្វ័យការពាររបស់ជប៉ុន ប្រឆាំងនឹងសត្រូវដែលអាចមាន រួមទាំងប្រទេសចិនផងដែរ។
លោក ស៊ីនហ្គូ ណាស៊ីណូគី (Shingo Nashinoki) មេបញ្ជាការកងពលតូចទ័ពជើងទឹករបស់ជប៉ុន (ARDB) បាននិយាយថា «បរិយាកាសសន្តិសុខជាតិនៅជុំវិញប្រទេសជប៉ុន កាន់តែមានភាពតានតឹង ជាពិសេសជាមួយនឹងសកម្មភាពយោធាដែលកំពុងកើនឡើងដោយប្រទេសចិន និងរុស្ស៊ី នៅក្នុងសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៊ីហ្វិកខាងលិច»៕