
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលនៃភាគីជម្លោះទាំងសងខាងបានឱ្យដឹងថា ជម្លោះដ៏រ៉ាំរ៉ៃនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សសរុបជាង ១២.៧០០នាក់ ទាំងខាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
កាលពីល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ម៉ោងក្នុងស្រុក សារព័ត៌មាន Al Jazeera បានដកស្រង់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាហ៉ាស ដោយនិយាយថាចំនួនអ្នកស្លាប់នៅក្នុងតំបន់ ហ្កាហ្សា ស្រ្ទីប បានកើនឡើងដល់ ១១.៣២០ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយនេះមក។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍នៅល្ងាចថ្ងៃដដែលថា ជនជាតិប៉ាឡេស្ទីនជាង ១៩៦ នាក់ បានស្លាប់នៅតំបន់ វេស ប៊ែង។
នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) ថា សិស្សប៉ាឡេស្ទីនចំនួន ៣.១៤១ នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការវាយប្រហារផ្សេងៗរបស់អ៊ីស្រាអែល ហើយសិស្សចំនួន ៤.៨៦៣ នាក់ បានរងរបួស។
បន្ថែមពីលើនេះ សិស្សចំនួន ៦៧ នាក់នៅតំបន់ វេស ប៊ែង ត្រូវបានចាប់ខ្លួន ហើយក្នុងចំណោមគ្រូបង្រៀន និងបុគ្គលិកសាលា មានមនុស្ស ១៣០ នាក់បានស្លាប់ និង ៤០៣ នាក់រងរបួស។
របាយការណ៍របស់សារព័ត៌មាន WAFA បាននិយាយថា សាលារៀនសាធារណៈជាង ២០០កន្លែង នៅតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានកំណត់គោលដៅដោយការទម្លាក់គ្រាប់បែក ដោយក្នុងនោះសាលារៀន ៤៥កន្លែង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រុមអាជ្ញាធរអ៊ីស្រាអែលមិនបានធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកស្លាប់កាលពីថ្ងៃអង្គារនោះទេ ហើយកន្លងមក ភាគីអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ពីប្រមាណ ១.៤០០នាក់ ទៅប្រហែល ១.២០០នាក់៕