
តារាចម្រៀងខេប៉ុបរបស់ក្រុម SEVENTEEN នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៤ វិច្ឆិកា) បានឡើងសម្តែង និងនិយាយសន្ទរកថា នៅឯវេទិកាយុវជនរបស់អង្គការយូណេស្កូ (UNESCO) ដោយផ្តោតលើផលប៉ះពាល់ដល់សង្គមពីប្រមែបម្រួលអាកាសធាតុ និងការសម្រេចឲ្យបាននូវការផ្លាស់ប្តូរអាកាសធាតុយ៉ាងត្រឹមត្រូវ។
បន្ទាប់ពីការសម្តែងបទថ្មីៗរបស់ខ្លួន នៅឯទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមតារាដែលមានសមាជិកសុទ្ធតែប្រុសទាំងអស់ ១៣នាក់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងសាមគ្គីភាព ដើម្បីធានាឲ្យបាននូវអនាគតដ៏ភ្លឺស្វាង សម្រាប់យុវជន។
សូមបញ្ជាក់ថា ក្រុមតារាចម្រៀងម្ចាស់បទ «Don't Wanna Cry» បានបង្ហាញខ្លួនដំបូងលើវិថីសិល្បៈតន្ត្រីនេះ ក្នុងឆ្នាំ២០១៥ ហើយឥឡូវនេះ ពួកគេក្លាយជាក្រុមខេប៉ុបដ៏ល្បីល្បាញបំផុតមួយ ក្នុងពិភពលោក។ ក្នុងចំណោមពានរង្វាន់ផ្សេងៗ ក្រុមនេះក៏ទទួលបានពានរង្វាន់ MTV ចំនួន៣ ផងដែរ កាលពីឆ្នាំមុន ក្នុងនោះរួមទាំងពានរង្វាន់ PUSH Performance of the Year ក្នុងកម្មវិធី MTV Video Music Awards ក៏ដូចជាការទទួលបានជ័យលាភី Best Push Act និង Best New Act ក្នុងកម្មវិធី MTV Europe Music Awards ឆ្នាំ២០២២។
គួរបញ្ជាក់ដែរថា វេទិកាយុវជននេះ ប្រមូលផ្តុំយុវជនមកពីជាង ១៥០ប្រទេស ដែលធ្វើឡើងនាថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា នៅខាងក្រៅសន្និសីទទូទៅរបស់អង្គការយូណេស្កូលើកទី៤២។ វេទិកានេះមានគោលបំណងបង្កើតកន្លែងមួយ ដើម្បីឲ្យយុវជនបញ្ចេញមតិ និងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលយុវជននៅជុំវិញពិភពលោក ជួបប្រទះ៕