
នគរបាលអូស្ត្រាលី នៅថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) នេះ បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ២៨នាក់ក្នុងប្រតិបត្តិការប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ស្នងការនគរបាលរងប្រចាំរដ្ឋលោក David Hudson បានប្រាប់សន្និសីទសារព័ត៌មានថា ការស៊ើបអង្កេតរយៈពេល ១ឆ្នាំ នៅរដ្ឋ New South Wales (NSW) ពាក់ព័ន្ធនឹងមន្ត្រីនគរបាលជាង ៤៥០នាក់។
ក្រុមដែលនគរបាលបាននិយាយថា មានប្រភពមកពីប្រទេសលីបង់ ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងនឹងអំពើជួញដូរគិតជាទឹកប្រាក់មានចំនួនជាង ១ពាន់លានដុល្លារអូស្ត្រាលី (៦៤៨,៩លានដុល្លារអាមេរិក) តាមរយៈការលក់អាវុធ គ្រឿងញៀន ថ្នាំជក់ និងបទល្មើសសម្អាតលុយ។
ក្នុងប្រតិបត្តិការនោះ នគរបាលបានរឹបអូសថ្នាំញៀន និងសារធាតុសម្រាប់ផលិតគ្រឿងញៀនចំនួន ២តោន ដែលមានតម្លៃសរុបជាង ១៣០លានដុល្លារអូស្ត្រាលី រួមជាមួយនឹងអាវុធចំនួន ២៥ដើម សាច់ប្រាក់ជិត ៣,៥លានដុល្លារអាមេរិក និងរូបិយប័ណ្ណអេឡិចត្រូនិក នាឡិកាដៃប្រណីតតម្លៃ ៣លានដុល្លារអាមេរិក និងរថយន្ត Lamborghini ១គ្រឿងផងដែរ៕