
សួនរុក្ខសាស្ត្រ Royal Botanical Gardens នៅតំបន់ Kew របស់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) បានបើកបង្ហាញអំពូលភ្លើងម៉ាកថ្មីៗ សម្រាប់បុណ្យណូអែលប្រចាំឆ្នាំរបស់ខ្លួន ដែលជាការរៀបចំសម្រាប់រដូវកាលបុណ្យដ៏អធិកអធមនេះ។
ការដាក់តាំងបង្ហាញអំពូលភ្លើងម៉ាកថ្មីៗនេះ រួមមានផ្កាបំភ្លឺកម្ពស់ប្រវែង៣ម៉ែត្រ អំពូលភ្លើងដែលព្យួរនៅតាមដើមឈើ និងផ្លូវរូងក្រោមដីដ៏វែងបំផុតមួយ ដែលមិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍បង្ហាញនៃកម្មវិធីបុណ្យណូអែល នៅតំបន់ Kew នេះ។
លោកស្រី Daire Basra ដែលជាប្រធានរៀបចំព្រឹត្តិការណ៍របស់តំបន់ Kew បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមានរយៈពេល ១១ឆ្នាំហើយ នៅឆ្នាំនេះ ហើយជារៀងរាល់ឆ្នាំ យើងតែងស្វែងរកអ្វីថ្មីៗ និងគួរឲ្យរំភើប សម្រាប់អ្នកទស្សនារបស់យើងទាំងអស់គ្នា។ យើងដំឡើងអំពូលភ្លើងចំនួន ២២កន្លែង និងចំនួន៨កន្លែងផ្សេងទៀត ដែលសុទ្ធតែជាម៉ាកថ្មីៗមិនធ្លាប់មានពីមុនមកនៅទីនេះ ក្នុងចក្រភពអង់គ្លេស»។
នៅពេលត្រូវបានសួរថា តើមានពេលវេលាណាដែលមិនអាចបំភ្លេចបាន នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញអំពូលភ្លើង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកស្រី Basra បានឆ្លើយថា៖ «ជាធម្មតាយើងទទួលបានសំណើធំៗរៀងរាល់ឆ្នាំ។ ពេលខ្លះ យើងត្រូវបានគេស្នើឲ្យជួយផ្ដល់ការភ្ញាក់ផ្អើល ដូច្នេះ វាតែងតែធ្វើឲ្យយើងមានភាពរីករាយជានិច្ច»។
សូមបញ្ជាក់ថា «បុណ្យណូអែលនៅតំបន់ Kew» នេះ ត្រូវបានរៀបចំឡើងចាប់ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា២០២៣ រហូតដល់ថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤៕