
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនម្នាក់ថា រដ្ឋាភិបាលអ៊ុយក្រែន និងប៉ូឡូញជាថ្មីម្តងទៀត បានបរាជ័យមិនបានធ្វើឲ្យមានការរីកចម្រើន ក្នុងការបញ្ឈប់ការតវ៉ារយៈពេលមួយសប្តាហ៍នៃអ្នកបើករថយន្តដឹកទំនិញប៉ូឡូញ នៅព្រំដែនអ៊ុយក្រែន។
ក្រុមអ្នកតវ៉ា កំពុងទាមទារការរឹតបន្តឹងជាថ្មីលើចំនួនរថយន្តដឹកទំនិញអ៊ុយក្រែន ដែលត្រូវបានអនុញ្ញាតឲ្យចូលនៅក្នុងប្រទេសប៉ូឡូញ។ ពួកគេក៏កំពុងអំពាវនាវឲ្យមានការហាមប្រាមក្រុមហ៊ុនដឹកជញ្ជូនពីក្រៅសហភាពអឺរ៉ុប។ ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា ខ្វះការរឹតត្បិត។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ អ្នកនាំពាក្យឆ្មាំល្បាតព្រំដែនអ៊ុយក្រែន លោក Andriy Demchenko បាននិយាយថា៖«ការចរចា មិនទាន់នាំទៅរកអ្វីទេ ហើយក្រុមហ៊ុនដឹកជញ្ជូនប៉ូឡូញ នៅតែបន្តរារាំងទិសដៅសំខាន់ចំនួនបី» ។
លោក Demchenko បានប្រកាសថា រថយន្តដឹកទំនិញជាង ១.៣០០ គ្រឿង បានតម្រង់ជួរពីភាគីប៉ូឡូញនៅច្រកត្រួតពិនិត្យ Yahodyn ហើយរថយន្តដឹកទំនិញចំនួន ៥០០គ្រឿង នៅព្រំដែន Krakovets និង ព្រំដែនRava-Ruska ជាកន្លែងដែលការទប់ស្កាត់ កំពុងកើតឡើង។ ការកកស្ទះដោយរថយន្តដឹកទំនិញប្រហែល ១.១០០ គ្រឿង ត្រូវបានចាប់ផ្តើម នៅប៉ុស្តិ៍ត្រួតពិនិត្យ Shehyni ដោយសារតែអ្នកបើកបរផ្លាស់ប្តូរផ្លូវរបស់ពួកគេ។