
មន្រ្តីមួយរូបរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០នាក់ បានធ្វើដំណើរតាមទូកមកដល់ខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ ដែលជាជនមូស្លីមរ៉ូហ៊ីងយ៉ាចុងក្រោយគេបានរត់ភៀសខ្លួនតាមទូកចេញពីសហភាពមីយ៉ាន់ម៉ានៅក្នុងឆ្នាំនេះ ។
លោក Faizal Rahman គឺជាមន្រ្តី UNHCR និយាយថា សមាជិកជនជាតិរ៉ូហ៊ីងយ៉ាដែលអ្នកស្រុកនិយាយថាខ្សោយកម្លាំង និងត្រូវការចំណីអាហារនោះ បានអង្គុយនៅលើឆ្នេរសមុទ្រ មុនពេលក្រុមអាជ្ញារនាំទៅកាន់កន្លែងផ្សេង ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា បានធ្វើដំណើរតាមទូកឈើដ៏គ្រោះថ្នាក់ដើម្បីរត់គេចចេញទៅកាន់ប្រទេសបង់ក្លាដែស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសថៃ ។
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បានធ្វើដំណើរមកដល់ខេត្តអាឆេកាលពីដើមឆ្នាំនេះ ចំនួនដ៏ច្រើននៅក្នុងចំណោមពួកគេ បានស្លាប់នៅក្នុងសមុទ្រដោយសារជំងឺ ការអត់ឃ្លាន និងអស់កម្លាំង ។
យោងតាមការអះអាងរបស់ UNHCR បានឲ្យដឹងថា កាលពីឆ្នាំមុន ស្ថិតនៅក្នុងចំណោមឆ្នាំស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ សម្រាប់ជនភៀសខ្លួនបែបនេះ ។
គួរឲ្យដឹងថា ជនមូស្លីមរ៉ូហ៊ីងយ៉ាជិត ១លាននាក់ បានរត់ភៀសខ្លួនចេញពីវិធានការបង្រ្កាបយ៉ាងចាស់ដៃពីយោធានៅប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនគឺជាពុទ្ធសាសនិក កាលពីឆ្នាំ ២០១៧ ហើយបច្ចុប្បន្នរស់នៅក្នុងជំរំដែលប្រធាន UNHCR លោក Filippo Grandi រៀបរាប់ថាជាជំរំជនភៀសខ្លួនមនុស្សធម៌ធំជាងគេបំផុតនៅលើពិភពលោក ស្ថិតក្នុងប្រទេសបង់ក្លាដែស ៕