សៀមរាប៖ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។
កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន៩ធ្វើការហោះហើរចរញ-ចូលអាកាសយានដ្ឋានសៀមរាបអង្គរ ខណៈភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ ក្នុងមួយថ្ងៃ។
លោក ស៊ិន ចាន់សេរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៏ចំនួន ៩ ធ្វើការហោះហើរចរញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៏អន្តរជាតិចំនួន ៨ និងក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន ១ នឹងមានការកើនដល់ ១០ ក្រុម ហ៊ុននៅក្នុងរដូវកាលនេះ (Winter 2023) នៅសប្តាហ៏បន្តបន្ទាប់ៗខាងមុខ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្ញៀវជាមធ្យម កើនពី ២៦០០ នាក់ក្នុង១ថ្ងៃ ទៅ ៤០០០ នាក់ក្នុង១ថ្ងៃ។ ចំណែក ការហោះហើរជាមធ្យម ៤៤ ជើង ក្នុង១ ថ្ងៃ ( ទ្វេទិស) ក្នុងនោះ ភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ហើយភ្ញៀវមានចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន ៧២% អឺរ៉ុប ២8%។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។
អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។
ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕ ដោយ ៖ ដារា


