
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង ថា ការអភិវឌ្ឍកោះនរា គឺជាការស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាង ដោយ សារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា នៅក្នុងការអភិវឌ្ឍនេះ គឺក្រៅពីការបង្កើតឱ្យមានដីកោះឡើងវិញ ទីនេះក៏នឹងក្លាយទៅជាទីក្រុងថ្មីដែលទំនើប និងឆ្លាតវៃថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ក្រៅពីក្លាយជាទីក្រុងថ្មីទំនើប និងឆ្លាតវៃ កោះនរា ក៏នឹង មានអគារដែលខ្ពស់ជាងគេក្នុងតំបន់ ដែលមានកម្ពស់រហូតដល់ទៅជាង ៥០០ ម៉ែត្រផងដែរ។
កោះនរាបានបាត់រូបរាងទាំងស្រុងប្រហែលនៅអំឡុងឆ្នាំ២០០៥។ រយៈពេលប្រមាណ ១០ ឆ្នាំក្រោយ មកកោះនេះ បានមានរូបរាងឡើងវិញ និងកំពុងមមាញឹកនៅក្នុងការសាងសង់។ ទីក្រុងថ្មីទំនើប និង ឆ្លាតវៃមួយនឹងលេចរូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើផ្ទៃដីកោះនរា ដែមានទំហំប្រមាណ ១០០ ហិកតា៕ ដោយ៖ គង់ ឌិន




