ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង ថា នៅក្នុងចំណោមប្រាំពីរលានក្បាលដី ដែលបានចុះបញ្ជីរួចហើយ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចែកបណ្ណជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធិបានត្រឹមពីរលានបណ្ណប៉ុណ្ណោះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យបង្កើនល្បឿននៅក្នុងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនេះ ជូនពលរដ្ឋឱ្យបានលឿនផងដែរ។
ក្រៅពីពន្លឿនការចុះចែកបណ្ណដែលនៅសល់ប្រមាណប្រាំលានសន្លឹកនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿនផងដែរ ដើម្បីពលរដ្ឋឆាប់ បានយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។
បណ្ណសម្គាល់កម្មសិទ្ធិដីធ្លីមួយសន្លឹក ពលរដ្ឋអាចយកទៅប្រើប្រាស់ក្នុងគោលបំណងស្របច្បាប់ ផ្សេងៗបាន ជាពិសេសពាក់ព័ន្ធនឹងការបង្កើនតម្រូវការ និងជីវភាពប្រចាំថ្ងៃ៕ ដោយ ៖ គង់ ឌិន




