
ទឹកមុខពោពេញដោយស្នាមញញឹមនៅក្នុងរូបថតរបស់ចំណាប់ថ្នូរ ត្រូវបានគេមើលឃើញនៅលើជញ្ជាំងអគារខ្ពស់ៗ ជញ្ជាំងភោជនីយដ្ឋាន និងរង្គសាលទីក្រុងតែល អាវីវ ហើយនិងនៅលើកញ្ចក់អេក្រង់វីដេអូខ្នាតយក្សនៅច្រកចូលផ្សារទំនើប ។
ចំណាប់ថ្នូរជាង ២៤០នាក់ ត្រូវបានគេភ្ជុងកាណុងកាំភ្លើងចាប់យកទៅកាលពីថ្ងៃទី ៧ ខែតុលា ចេញពីផ្ទះ ឬកន្លែងធ្វើការរបស់ពួកគេនៅជាប់នឹងតំបន់ហ្គាហ្សាស្រ្ទីប ចេញពីមូលដ្ឋានយោធា និងកន្លែងរៀបចំពិធីជប់លៀងរាំកម្សាន្តកណ្តាលវាលដ៏ធំនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។
ចំណាប់ថ្នូរទាំងនោះ រួមមានកុមារ ៣០នាក់ ដែលកុមារក្មេងជាងគេបំផុតមានអាយុ ៩ខែ ប៉ុន្តែចាប់តាំងពីក្រុមខ្មាន់កាំភ្លើងហាម៉ាស់ បានចាប់ពួកគេយកទៅកាន់តំបន់ហ្គាហ្សា ជោគវាសនារបស់ពួកគេ នៅពុំទាន់ដឹងច្បាស់នោះទេ ។
អ្នកស្រី Eyal Nouri ដែលកាន់រូបថតលោកយាយ Amina Moshe វ័យ ៧២ឆ្នាំ ដែលត្រូវបានគេនាំចេញពីភូមិ Nir Oz ជាទីដែលគាត់រស់នៅអស់រយៈពេល ៥០មកហើយនោះ និយាយថា នេះគឺជារូបថតម្តាយមីងរបស់ខ្ញុំ ។ គាត់ត្រូវបានគេចាប់យកទៅដោយភេរវករ ២នាក់ ជិះទោចក្រយានយន្ត ។
អ្នកស្រីបន្តថា គ្មានកុមារ ទារក គ្មានមនុស្សចាស់ រួមចំណែកនៅក្នុងជម្លោះមួយនេះឡើយ វាគឺជាទង្វើប្រឆាំងមនុស្សធម៌ក្នុងការចាប់ជម្រិតកុមារយកទៅបែបនេះ ៕