
រូបភាពពីវីដេអូដែលបញ្ចេញដោយក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា នៅថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) នេះ បានបង្ហាញឲ្យឃើញថា ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សានេះ កំពុងព្យាយាមជម្លៀសអ្នកជំងឺចេញពីបន្ទប់ ដែលគេនិយាយថា ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង។
រូបភាពក្នុងវីដេអូនោះបានបង្ហាញពីសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលបានជម្លៀសអ្នកជំងឺ ដោយរទេះរុញដាក់អ្នករបួស កាត់តាមផ្លូវ ដែលគេនិយាយថា ជាច្រករបៀងពេញទៅដោយផ្សែង និងធូលី ដែលបណ្តាលមកពីការបាញ់ផ្លោងដាក់មន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា។ បុរសម្នាក់នៅក្រៅអេក្រង់បាននិយាយថា ដំណើរការជម្លៀសមានការលំបាកណាស់។
សាក្សីជាច្រើនបាននិយាយថា ទាហានអ៊ីស្រាអែលបានចូលទៅដល់មន្ទីរពេទ្យ Shifa នៅព្រឹកថ្ងៃពុធនេះ ហើយកំពុងឆែកទាំងបន្ទប់ នៅលើដី និងក្រោមដីរបស់មន្ទីរពេទ្យ ដោយបានបញ្ចប់ដោយការឡោមព័ទ្ធ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាសកល បន្ទាប់ពីអ្វីដែលអ៊ីស្រាអែលបាននិយាយថា ជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅមាត់ច្រកទ្វារ៕