
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុស្រទាប់លើផ្នែកសន្តិសុខ និងផ្នែកផ្សេងៗទៀត ចំពេលមានការវិវឌ្ឍន៍ទៅមុខជាលំដាប់ក្នុងកម្មវិធីអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែរដែលកំពុងបន្តមានរបស់ទីក្រុងព្យុងយ៉ាង និងការបង្កើនសកម្មភាពដែនសមុទ្ររបស់ទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជួបប្រជុំគ្នា នៅទីក្រុងសាន់ហ្វា្រន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។
នៅដើមដំបូងនៃកិច្ចប្រជុំនោះ លោក Kamikawa បាននិយាយអំពីស្ថានភាពបច្ចុប្បន្នផ្សេងៗ ក្នុងនោះរួមទាំងបញ្ហា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអ៊ុយក្រែនផងដែរ។ លោកស្រីបាននិយាយថា ចាំបាច់ត្រូវមានការបង្កើនកម្រិតនៃការសម្របសម្រួលជាយុទ្ធសាស្រ្ត រវាងទីក្រុងតូក្យូ វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំង៣ បានសម្តែងនូវក្ដីបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសនេះជាមួយរុស្ស៊ីផងដែរ។
បន្ថែមពីលើនោះ មន្ត្រីជាន់ខ្ពស់ទាំង៣ ក៏បានលើកឡើងពីកង្វល់រួមគ្នា ជុំវិញការប៉ុនប៉ងជាឯកតោភាគីរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ហើយក្នុងពេលជាមួយគ្នា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ហើយទាំងលោកស្រី Kamikawa លោក Blinken និងលោក Park បានព្រមព្រៀងគ្នាថា ត្រូវតែធ្វើប្រសើរឡើង សម្រាប់ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប៕