
យោធាអ៊ុយក្រែន និយាយនៅថ្ងៃពុធនេះថា ទាហានអ៊ុយក្រែន បានព្យាយាមរុញច្រានកងកម្លាំងរុស្ស៊ីនៅតាមច្រាំងទន្លេ Dnipro ស្ថិតក្នុងតំបន់ភាគខាងត្បូង Kherson ហើយពួកគេបានអំពាវនាវឲ្យមានប្រតិបត្តិការសឹកដ៏ស្ងៀមស្ងាត់នៅតាមខ្សែត្រៀមមុខ ។
អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេដណ្តើមបានការឈរជើងនៅច្រាំងទន្លេខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាលើកដំបូង ដើម្បីអាចឲ្យពួកគេបើកច្រកថ្មីនៃការវាយប្រហារឆ្ពោះទៅកាន់តំបន់កាន់កាប់គ្រីមៀ ។
លោកស្រី Natalia Humeniuk ដែលជាអ្នកនាំពាក្យមេបញ្ជាយោធាភូមិភាគត្បូង និយាយថា នៅតាមខ្សែត្រៀមមុខតាមច្រាំងទន្លេ Dnipro ការវាយបកពីភាគីរបស់ពួកយើង បានធ្វើឡើងលើចម្ងាយផ្លូវពី ៣គ.មដល់ ៨គ.មនៅតាមច្រាំងទន្លេទាំងមូល ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាននោះទេ ការអះអាងរបស់ទីក្រុងគូវ ។
ដោយឡែក លោក Vladimir Saldo គឺជាមន្រ្តីលើកបន្តុបដោយរុស្ស៊ី និយាយថា យោធាទីក្រុងម៉ូស្គូ បានវាយកម្ទេចកងកម្លាំងអ៊ុយក្រែនដែលឆ្លងចូលច្រាំងទន្លេខាងកើត ហើយនិងបានបាញ់ស្រោចដូចគ្រាប់ភ្លៀងលើពួកគេ ៕