អាមេរិក ៖ ប្រមុខការពារជាតិអាមេរិកលោក Lloyd Austin បានជួបជាមួយសមភាគីមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) ដែលជាផ្នែកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រចាំឆ្នាំ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការឲ្យមាន «ដំណោះស្រាយដោយសន្តិវិធី» ចំពោះជម្លោះក្នុងតំបន់ នៅក្នុងសុន្ទរកថាដែលបានធ្វើឡើងនៅឯជំនួបដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Hiroyuki Miyazawa។
ជាមួយគ្នានេះ Prabowo ក៏កំពុងទទួលស្វាគមន៍តំណាងមកពីប្រទេសនានា ដូចជាចិន និងកូរ៉េខាងត្បូង ដែលនឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា)។
កិច្ចប្រជុំប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងពេលដែលជម្លោះកំពុងរាលដាលយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន និងក្នុងពេលដែលភាពតានតឹងកើនឡើងក្នុងដែនទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនត្រូវបានចោទប្រកាន់ថា បានលុកលុយហ្វីលីពីន ជាប្រទេសដែលមានសហរដ្ឋអាមេរិកគាំទ្រ និងស្វែងរកការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសជប៉ុន៕

