ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា អ៊ីស្រាអែល គឺជា «រដ្ឋភេរវកម្ម» ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់អន្តរជាតិនៅក្នុងតំបន់ហ្កាហ្សា ដោយលោកបានធ្វើការរិះគន់ម្តងហើយម្តងទៀត ចំពោះបណ្ដាមេដឹកនាំអ៊ីស្រាអែល និងអ្នកគាំទ្ររបស់ពួកគេនៅលោកខាងលិច។

ថ្លែងរយៈពេលពីរថ្ងៃមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួបលោកអធិការបតី Olaf Scholz លោក Erdogan បាននិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស រួមមាន «ការវាយប្រហារដ៏ក្បត់ជាតិបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ» ជាមួយនឹងការគាំទ្រ «គ្មានដែនកំណត់» ពីលោកខាងលិច។

លោកបានអំពាវនាវឱ្យបណ្ដាមេដឹកនាំអ៊ីស្រាអែល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ហើយបានលើកឡើងម្តងទៀតនូវទស្សនៈរបស់លោក និងជំហររបស់ប្រទេសទួរគី ថាក្រុមហាម៉ាស មិនមែនជាអង្គការភេរវករទេ ប៉ុន្តែជាគណបក្សនយោបាយដែលបានឈ្នះការបោះឆ្នោតកន្លងមក។
អង់គ្លេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដារដ្ឋអារ៉ាប់មួយចំនួនបានចាត់ទុកក្រុមហាម៉ាស ថាជាក្រុមភេរវករ មិនដូចប្រទេសទួរគីឡើយ។ ទីក្រុងអង់ការ៉ា បានធ្វើជាម្ចាស់ផ្ទះទទួលសមាជិកក្រុមហាម៉ាស មួយចំនួន និងគាំទ្រសេចក្ដីសម្រេចរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
