ក្រុមបាតុករបានដើរដង្ហែក្បួននៅតាមដងផ្លូវនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ (១៥ វិច្ឆិកា) មុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយរារាំងច្រកចូលមួយចំនួនទៅកាន់សន្និសីទ នៃកិច្ចប្រជុំកំពូល APEC ។
បណ្ដាមេដឹកនាំពិភពលោក និងនាយកប្រតិបត្តិនៃសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកទាំងអស់ នឹងទៅចូលរួមនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នោះដោយបន្ថែមនូវគោលដៅក្នុងការទាក់ទាញការតវ៉ា។

ក្រុមអ្នកប្រឆាំងរបស់លោកប្រធានាធិបតី ស៊ី សង្ឃឹមថា មនុស្សរាប់រយនាក់នឹងធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយរបស់ចិន ខណៈដែលអ្នកផ្សេងទៀតកំពុងប្រើប្រាស់កិច្ចប្រជុំនេះធ្វើជាវេទិកា សម្រាប់បញ្ហាពិភពលោក ដូចជាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសជាដើម។
មនុស្សប្រហែល ១៥០នាក់ បានប្រមូលផ្តុំគ្នានៅផ្លូវបំបែកមួយនៅខាងក្រៅតំបន់សន្តិសុខនៅឯមជ្ឈមណ្ឌលសន្និបាតរបស់ទីក្រុងនេះនៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក)។ ក្រុមតវ៉ានេះមានគោលបំណងរារាំងអ្នកចូលរួមសន្និសីទមិនឱ្យឆ្លងកាត់ផ្លូវប្រសព្វ ហើយបានបង្កើតខ្សែសង្វាក់មនុស្ស ដែលបង្វែរអ្នកធ្វើដំណើរ និងប្រតិភូមួយចំនួនឲ្យទៅតាមផ្លូវផ្សេង។
ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្អាតផ្លូវកណ្តាលក្រុងសម្រាប់កិច្ចប្រជុំ ហើយបានរៀបចំ សម្រាប់លទ្ធភាព នៃការប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករ ដោយមានរបាំងដែកកម្ពស់ប្រាំបីហ្វីតត្រូវបានដំឡើង ដើម្បីការពារមនុស្សនៅលើចិញ្ចើមផ្លូវពីការរំខានដល់ចរាចរណ៍យានយន្ត នៅជិតមជ្ឈមណ្ឌលសន្និបាត៕
