នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនជនជាតិចិនចំនួន ២នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ៦៤០០ដុល្លារ។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់មានការបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ចំនួន ៦៤០០ដុល្លារសហរដ្ឋអាមេរិក ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ ។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០និង៣០នាទី មានករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរោតយកប្រាក់មួយករណីកើតឡើងនៅបុរី ញូវថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលករណីនេះបង្កឡើងដោយជនសង្ស័យ ០៣នាក់ ជាជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០២ដើម បានធ្វើសកម្មភាពចាប់ជនរងគ្រោះចូលរថយន្តពេលចេញពីហូបអាហារនៅកន្លែងកើតហេតុ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រាប់បន្តថា ក្រោយទទួលបានករណីនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជនសង្ស័យបានដឹកជនរងគ្រោះគេចខ្លួន រហូតកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសបាន។
លោកវរសេនីយ៍ទោ ម៉ម សាវន បានបន្ថែមថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមាន ១-ឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន ២-ឈ្មោះ ZHANG YAN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ដកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តិបទល្មើសមួយចំនួន។
បច្ចុប្បន្នសំណុំរឿងនេះជំនាញនគរបាលកំពុងរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ អត្ថបទ ៖ តារាវុទ្ធី


