ប្រទេសចិន កំពុងជំទាស់នឹងសំណើរបស់សហរដ្ឋអាមេរិក សម្រាប់សមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងការបញ្ចូលនិរន្តរភាព និងបរិយាប័ន ទៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគរបស់ពួកគេ នេះបើយោងតាមប្រភពមួយដែលដឹងពីការចរចានេះ បាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា)។

ការពិភាក្សាលើបញ្ហានេះកំពុងបន្តនៅឯកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដើម្បីព្យាយាមស្វែងរកសេចក្ដីសម្រេចរួមមួយដែលរដ្ឋសមាជិកទាំង២១ប្រទេស របស់ក្រុមនេះអាចយល់ព្រម។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បានប្រាប់កិច្ចប្រជុំពេញអង្គដែលផ្តោតលើពាណិជ្ជកម្មថា លោកស្រីសង្ឃឹមថា សំណើដែលដាក់ឈ្មោះដោយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ថាជា «គោលការណ៍នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សម្រាប់ការរួមបញ្ចូលបរិយាបន្ន និងនិរន្តរភាពទៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគ» អាចនៅតែត្រូវការត្រួតពិនិត្យ។
សេចក្តីលម្អិតតិចតួចណាស់នៃសំណើរបស់សហរដ្ឋអាមេរិក ដែលអាចរកបាន ប៉ុន្តែរដ្ឋបាលលោក បៃដិន កំពុងជំរុញគំនិតដែលថាសេដ្ឋកិច្ច APEC បង្កើនឱកាសសម្រាប់មនុស្សកាន់តែច្រើន ជាពិសេសប្រជាជនដែលជួបការលំបាក និងដើម្បីបញ្ចូលថាមពលស្អាត ព្រមទាំងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ កំណើន និងពាណិជ្ជកម្មរបស់ពួកគេ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបាននិយាយដោយផ្ទាល់នូវការជំទាស់របស់ចិនទេ ប៉ុន្តែបាននិយាយថា ភាគី APEC ទាំងអស់គួរតែ «ផ្តោតលើតម្រូវការបន្ទាន់របស់តំបន់ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»៕
