ទាហានអ៊ីស្រាអែល អះអាងថា បានរកឃើញកាំភ្លើងAK47មួយដើម និងគ្រាប់បែកដៃជាច្រើនគ្រាប់លាក់នៅពីក្រោយម៉ាស៊ីនស្កែន MRI អំឡុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa។
លោកវរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហាញអាវុធដែលខ្លួនអះអាងថាជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស នៅក្នុងខ្សែវីដេអូ ដែលត្រូវបានគេរាយការណ៍ថា បានថតនៅខាងក្នុងមន្ទីរពេទ្យនោះ។

រូបភាពផ្សេងទៀត បង្ហាញពីកាំភ្លើង គ្រាប់រំសេវ និងពាសដែកដែលកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ក៏ត្រូវបានរកឃើញ នៅក្នុងការវាយឆ្មក់ដោយអង្គភាពសម្រាំង Shaldag របស់ខ្លួន និងកងពលលេខ ៣៦ ផងដែរ។
អ្នកនាំពាក្យឧត្តមនាវីទោ Daniel Hagari បាននិយាយថា៖««ការរកឃើញទាំងនេះ បង្ហាញយ៉ាងច្បាស់ថា មន្ទីរពេទ្យ ត្រូវបានប្រើប្រាស់សម្រាប់ភេរវកម្ម ដោយបំពានច្បាប់អន្តរជាតិទាំងស្រុង»។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានបដិសេធការអះអាងនេះដោយនិយាយថា គ្មានអាវុធណា ត្រូវបានរកឃើញ នៅក្នុងការវាយឆ្មក់នោះទេ។