ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths កាលពីថ្ងៃពុធ បានស្នើឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាតាមរយៈច្រកឆ្លងកាត់ Kerem Shalom ក្នុងប្រទេសអ៊ីស្រាអែល ដែលជាផ្នែកមួយនៃផែនការ ១០ចំណុច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ជន។

លោក Griffiths បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«ច្រកឆ្លងកាត់ Kerem Shalom សូមអ៊ីស្រាអែលផ្តល់ឲ្យយើងនូវច្រកនេះសម្រាប់ចំណុចឆ្លងកាត់របស់យើង»។
លោក Griffiths បាននិយាយថា ច្រកឆ្លងកាត់ Kerem Shalom ត្រូវបានប្រើដើម្បីដឹកទំនិញជាង ៦០ភាគរយទៅកាន់តំបន់ហ្កាហ្សា មុនពេលមានជម្លោះនេះ។

ជំនួយបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាមកតាមច្រក Rafah នៅតាមព្រំដែនអេហ្ស៊ីប ដែលត្រូវបានធ្វើឡើងសម្រាប់ការឆ្លងកាត់សម្រាប់អ្នកថ្មើរជើង និងមិនមែនសម្រាប់រថយន្តដឹកទំនិញទេ។
ធាតុផ្សំផ្សេងទៀតនៃផែនការដែលបង្ហាញដោយ លោកGriffiths រួមមានការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារជំនួយក្នុងការនាំយកក្បួនរថយន្តជំនួយជាបន្តបន្ទាប់ និងអនុញ្ញាតឲ្យពួកគេបង្កើតមជ្ឈមណ្ឌលចែកចាយជំនួយសម្រាប់ជនស៊ីវិល។