ការគាំទ្រសាធារណៈរបស់សហរដ្ឋអាមេរិក ចំពោះសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា កំពុងធ្លាក់ចុះ ហើយប្រជាជនអាមេរិកភាគច្រើនគិតថា អ៊ីស្រាអែលគួរតែអំពាវនាវឲ្យមានបទឈប់បាញ់ចំពោះជម្លោះដែលបានរាលដាលទៅជាវិបត្តិមនុស្សធម៌ នេះបើយោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន រ៉យទ័រ និងទីភ្នាក់ងារស្រាវជា្រវមតិសាធារណៈ Ipsos។

អ្នកឆ្លើយសំណួរមួយចំនួន ៣២% នៅក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ ដែលបានបិទកាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បាននិយាយថា «សហរដ្ឋអាមេរិកគួរតែគាំទ្រអ៊ីស្រាអែល» នៅពេលត្រូវបានសួរថាតើតួនាទីអ្វីដែលសហរដ្ឋអាមេរិកគួរធ្វើនៅក្នុងការប្រយុទ្ធ។ តួលេខនោះគឺធ្លាក់ចុះពីចំនួន ៤១% កាលពីមុនដែលបាននិយាយថា សហរដ្ឋអាមេរិកគួរតែគាំទ្រអ៊ីស្រាអែល នៅក្នុងការស្ទង់មតិដែលធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែតុលា។

អ្នកឆ្លើយតបជាង ៦៨% នៅក្នុងការស្ទង់មតិនោះបាននិយាយថា ពួកគេយល់ស្របលើប្រយោគដែលថា អ៊ីស្រាអែលគួរតែអំពាវនាវឲ្យមានបទឈប់បាញ់ ហើយព្យាយាមចរចាវិញ។ ភាគរយនៃប្រជាជនដែលនិយាយថា «សហរដ្ឋអាមេរិកគួរតែជាអ្នកសម្រុះសម្រួលអព្យាក្រឹត» បានកើនឡើងដល់ ៣៩% នៅក្នុងការស្ទង់មតិថ្មីពីចំនួន ២៧% កាលពីមួយខែមុន និងមនុស្ស ៤% និយាយថា សហរដ្ឋអាមេរិកគួរតែគាំទ្រប៉ាឡេស្ទីន ហើយប្រជាជន ១៥% បាននិយាយថា សហរដ្ឋអាមេរិកមិនគួរពាក់ព័ន្ធទាល់តែសោះនៅក្នុងជម្លោះ ដោយតួលេខទាំងពីរនេះមានភាពស្រដៀងគ្នាទៅកាលពីមួយខែមុនដែរ។
អ៊ីស្រាអែល បានពឹងពាក់អាមេរិកជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនជាយូរមកហើយសម្រាប់ជំនួយយោធារាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជំនួយការទូតអន្តរជាតិជាច្រើន។
ការធ្លាក់ចុះនៃការគាំទ្រសាធារណៈរបស់សហរដ្ឋអាមេរិក អាចជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលមិនត្រឹមតែប្រឈមមុខនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះទង្គិចជាមួយក្រុមចលនាអ៊ីស្លាមនិយម ហេសបូឡា នៅប្រទេសលីបង់ និងបានធ្វើ «សង្រ្គាមស្រមោល» យូរអង្វែងជាមួយអ៊ីរ៉ង់ ដែលជាសត្រូវមហាអំណាចក្នុងតំបន់របស់ខ្លួន៕