ប្រភពតុលាការមួយបាននិយាយកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា ក្រុមចៅក្រមបារាំង បានចេញដីកាចាប់ខ្លួនប្រធានាធិបតីស៊ីរី លោក Bashar al-Assad បងប្រុសរបស់លោកឈ្មោះ Maher al-Assad និងមន្ត្រីជាន់ខ្ពស់ពីររូបទៀតពីបទប្រើប្រាស់អាវុធគីមីហាមឃាត់លើជនស៊ីវិលនៅក្នុងប្រទេសស៊ីរី។

ដីកាចាប់ខ្លួន ដែលសំដៅលើការចោទប្រកាន់ពីភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសង្គ្រាមនោះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុង ដូម៉ា (Douma) និងស្រុក ហ្គូតា (Ghouta) ភាគខាងកើតក្នុងខែសីហា ឆ្នាំ ២០១៣ ជាការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១.០០០នាក់។

នោះគឺជាដីកាចាប់ខ្លួនអន្តរជាតិដំបូងគេ ដែលត្រូវបានចេញសម្រាប់ប្រមុខរដ្ឋស៊ីរី ដែលកងកម្លាំងរបស់ពួកគេបានឆ្លើយតបទៅនឹងការតវ៉ា ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ជាមួយនឹងការបង្រ្កាបដ៏ឃោរឃៅដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថាជាឧក្រិដ្ឋកម្មសង្គ្រាម។
ដីកាចាប់ខ្លួនសម្រាប់តំណែងប្រមុខរដ្ឋគឺកម្រណាស់ ពីព្រោះជាទូទៅពួកគេមានអភ័យឯកសិទ្ធិពីការកាត់ទោស។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់អន្តរជាតិមានករណីលើកលែងចំពោះអភ័យឯកសិទ្ធិនោះ នៅពេលដែលប្រមុខរដ្ឋមួយរូបត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬការប្រល័យពូជសាសន៍៕