រយៈពេលពីរថ្ងៃបន្ទាប់ពីកងកម្លាំងឧទ្ទាមនៅក្នុងរដ្ឋ ជីន របស់សហភាពមីយ៉ាន់ម៉ា បានវាយលុកមូលដ្ឋានយោធាពីរទីតាំងរបស់របបសឹក ដែលនៅជិតព្រំដែនជាមួយប្រទេសឥណ្ឌា ពួកគេបានកាន់កាប់ចំណុចឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឆ្លងកាត់រដ្ឋ មីហ្សូរ៉ាម (Mizoram) ដ៏តូចមួយរបស់ឥណ្ឌា។

បណ្ដាមេដឹកនាំក្នុងតំបន់បាននិយាយថា ភាគច្រើននៃជនជាតិមីយ៉ាន់ម៉ាជិត ៥.០០០នាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដើម្បីគេចពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងក្រុមឧទ្ទាម និងយោធាមីយ៉ាន់ម៉ា ចាប់តាំងពីព្រឹកថ្ងៃច័ន្ទ (១៣ វិច្ឆិកា) នោះ បានត្រឡប់ទៅលំនៅឋានពួកគេវិញ ខណៈស្ថានភាពបានស្ងប់ស្ងាត់។

កងកម្លាំងឧទ្ទាមមានបំណងដណ្តើមកាន់កាប់ផ្នែកមួយនៃព្រំដែនជាប់ជាមួយប្រទេសឥណ្ឌា។
បណ្ដាមេទ័ពមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចចំនួន ៣ក្រុម បានបើកការវាយលុកដោយសម្របសម្រួលមួយកាលពីចុងខែតុលា ដោយដណ្តើមបានទីប្រជុំជន និងទីតាំងយោធាមួយចំនួន។
ការវាយលុក ដែលបានដាក់ឈ្មោះដោយពួកឧទ្ទាមថា «ប្រតិបត្តិការ១០២៧» តាមកាលបរិច្ឆេទដែលខ្លួនបានចាប់ផ្តើមនោះ បានបើកផ្លូវសម្រុកចូលកាន់កាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរបបសឹកនៅតាមព្រំដែនជាមួយប្រទេសចិន ក្នុងរដ្ឋសាន ជាទីដែលក្រុមអាជ្ញាធរយោធាបានបាត់បង់ការគ្រប់គ្រងលើទីប្រជុំជនជាច្រើន និងប៉ុស្តិ៍សន្តិសុខជាង ១០០ទីតាំង៕