ក្រុមស៊ីវិលអ៊ុយក្រែនបាននិយាយថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់ទាហានអ៊ុយក្រែនជិត ២៥.០០០នាក់ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រភពបើកចំហ ហើយបានធ្វើឱ្យតួលេខអ្នកស្លាប់សរុបមានច្រើនជាង ៣០.០០០នាក់។

ទីក្រុងគីវ ចាត់ទុកការខាតបង់របស់ខ្លួនជាការណ៍សម្ងាត់របស់រដ្ឋ ហើយក្រុមមន្ត្រីនិយាយថា ការលាតត្រដាងតួលេខនេះ អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។ របាយការណ៍មួយកាលពីខែសីហា ដោយសារព័ត៌មាន NY Times ដែលដកស្រង់សម្តីក្រុមមន្ត្រីអាមេរិកអនាមិក បានដាក់ចំនួនអ្នកស្លាប់នៅអ៊ុយក្រែនជិតតួលេខ ៧០.០០០នាក់។

សំណេរនៅក្នុងទិនានុប្បវត្តិរបស់អ៊ុយក្រែន ធីនឌែន (Tyzhden) ប្រវត្តិវិទូម្នាក់ឈ្មោះ យ៉ារូសឡាវ ធីនឆិនកូ (Yaroslav Tynchenko) និងអ្នកស្ម័គ្រចិត្តម្នាក់ឈ្មោះ ហឺមាន សាប៉ូវ៉ាឡែនកូ (Herman Shapovalenko) បាននិយាយថា គម្រោងសៀវភៅ «ការចងចាំរបស់ សាប៉ូវ៉ាឡែនកូ» បានបញ្ជាក់ពីតួលេខស្លាប់ពីការប្រយុទ្ធ និងមិនប្រយុទ្ធចំនួន ២៤.៥០០នាក់ ដោយប្រើប្រភពបើកចំហ។
ពួកគេបន្ថែមថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយបញ្ជាក់ថា ទាហានជាច្រើននាក់ក្នុងចំណោមទាហាន ១៥.០០០នាក់ ដែលបានចុះបញ្ជីថាបានបាត់ខ្លួន ទំនងជាត្រូវស្លាប់។

អត្ថបទដែលបានបោះពុម្ពផ្សាយកាលពីល្ងាចថ្ងៃអង្គារនោះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន កំពុងប្រឈមមុខនឹងការរំពឹងទុកនៃការប្រយុទ្ធនឹងសង្រ្គាមដ៏យូរអង្វែងជាមួយរុស្ស៊ី។
អ្នកនិពន្ធអត្ថបទក្នុងទិនានុប្បវត្តិ ធីនឌែន ទាំងនោះបាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យមានតុល្យភាពនៃការប៉ាន់ស្មានផ្សេងៗដែលត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយពួកគេបានពិពណ៌នាតួលេខ «បំភាន់» ខណៈមានទិន្នន័យដែលអាចផ្ទៀងផ្ទាត់បាន៕