ភ្នំពេញ ៖ កម្ពុជាត្រៀមទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ខាងមុខដែលប្រព្រឹត្ត ទៅក្នុងខេត្តសៀមរាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការទទួលញញួរនេះគឺនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស នៅខែធ្នូឆ្នាំ២០២៣ នេះ។
ថ្លែងក្នុងធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅអាជ្ញាធរមីន ក្រោមប្រធានបទ"ការត្រៀមធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ ២០២៤" និងដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានៅខេត្តសៀមរាប នឹងមានប្រទេសចំនួនប្រមាណជិត ២០០លើពិភពលោក នឹងមកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីន និងការផ្តល់សុវត្ថិភាពអ្នកបោសសម្អាតមីន និងរៀបចំផែនការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោស សម្អាតមីននៅតាមបណ្តាប្រទេសជាច្រើនទៀតដើម្បីពិភព លោកគ្មានមីន ។ប៉ុន្តែបច្ចុប្បន្ននៅលើពិភពលោកនៅមានប្រទេសចំនួន ៣៣ ទៀតដែលមានស្ថានភាពគ្រាប់មីនធ្ងន់ ធ្ងរពុំទាន់អាចបោសសម្អាតឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខបានទេ ត្រូវការពេលវេលា។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក្នុងខណះធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤ ខាង មុខនេះ កម្ពុជាមានសកម្មភាព ៣ សំខាន់ គឺការជំរុញការ អនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេសទៀត មិន ទាន់ចូលជាសមាជិក និងប្រទេសជាសមាជិកអាស៊ានចំនួន ៤រួម មានប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម ឲ្យចូលជាសមាជិកអូតាវ៉ា ព្រោះក្រៅពីដើម្បីបំពេញបេសកម្មបោសសម្អាតមីន។ ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ក៍ជាការចូលរួមបញ្ចប់នូវការឈឺចាប់ និងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឲ្យប្រទេសជាសមាជិកអូតាវ៉ាជួយគាំទ្រទាំងធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេសបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់បណ្តាប្រទេសជាសមាជិកនៃអនុសញ្ញានេះ។
ឯកឧត្តមបញ្ជាក់ថាអនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ា និងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុញ្ញាអូតាវ៉ា អនុវត្តន៍រៀងរាល់៥ ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនិងធ្វើផែនការសកម្ម ភាព ៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។សូមបញ្ជាក់ថាកម្ពុជាបានធ្វើម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ច សង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ម្តងរួចមកកាលពីថ្ងៃទី១៧តុលានេះរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣នៅក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញដោយមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណជាង២០០នាក់៕ អត្ថបទ ៖ ភារម្យ









