ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែវិច្ឆិកានេះ បានរិះគន់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់កូរ៉េខាងត្បូងដោយមន្ត្រីជាន់ខ្ពស់ការពារជាតិរបស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាឆ្លើយតប «វាយលុក» បន្ថែមទៀត ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បានដាក់កំហុសសហរដ្ឋអាមេរិកចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយនិយាយយោងទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ក្នុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងតាមដាននិងគ្រប់គ្រងយ៉ាងហ្មត់ចត់រាល់ការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន ជាមួយនឹងសមត្ថភាពរារាំង និងវាយលុកកាន់តែខ្លាំង និងតាមរយៈសកម្មភាពយោធារារាំងជាយុទ្ធសាស្ត្រដែលអាចមើលឃើញ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Austin ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានកែប្រែកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលមានគោលបំណងរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលឈានមុខរបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ការកែប្រែឡើងវិញគឺចាំបាច់ ដោយសារតែយុទ្ធសាស្ត្រដែលមានស្រាប់ ពុំបានដោះស្រាយឱ្យបានគ្រប់គ្រាន់នូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទទួលខុសត្រូវចំពោះការធ្វើឱ្យភាពតានតឹងផ្នែកយោធាកាន់តែធ្ងន់ធ្ងរឡើងនៅលើឧបទ្វីបកូរ៉េ ដោយលើកឡើងពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសទាំងពីរ និងវត្តមានកើនឡើងនៃយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោក Austin បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។