អ៊ុយក្រែននិយាយថា យោធារុស្ស៊ី បានទម្លាក់គ្រាប់បែកទៅលើទីប្រជុំជនមួយកន្លែងនៅភាគខាងកើត តំបន់ Donetsk របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បានលទ្ធផលមុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលគ្រោងធ្វើនៅខែមីនា។

អាជ្ញាធរក្នុងតំបន់ Donetsk និយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយមីស៊ីលទៅលើតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុង Selydove កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។
លោក Zelenskyy និយាយថា ការវាយលុករបស់រុស្ស៊ីមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ Donetsk ។ លោកអះអាងថា លោកPutin ចង់បង្ហាញថា យ៉ាងហោចណាស់ទទួលបានលទ្ធផលយុទ្ធសាស្ត្រមួយចំនួនលើកដំបូងនៅពាក់កណ្តាលខែធ្នូ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម Think Tank របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការវិភាគកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីទំនងជាកំពុងព្យាយាមដណ្តើមយកតាមគំនិតផ្តួចផ្តើមកម្រិតថ្នាក់តំបន់នៅអ៊ុយក្រែនដោយធ្វើប្រតិបត្តិការវាយលុកដំណាលគ្នាជាច្រើននៅភាគខាងកើតប្រទេសអ៊ុយក្រែន។
វិទ្យានស្ថានេះបាននិយាយថា វានៅតែមិនច្បាស់ ថាតើកងកម្លាំងរុស្ស៊ីនឹងអាចដណ្តើមបានទាំងស្រុងតាមគំនិតផ្តួចផ្តើមនេះឬយ៉ាងណា ខណៈកងកម្លាំងអ៊ុយក្រែននៅរក្សាសម្ពាធលើតំបន់សំខាន់ៗនៅសមរភូមិមុខ។
ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយក្នុងអំឡុងសុន្ទរកថានៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ប្រទេសលោក បានបង្កើតមូលដ្ឋានឈរជើងនៅលើច្រាំងភាគខាងកើតទន្លេ Dnipro ហើយកងកម្លាំងកំពុងធ្វើឲ្យគ្មានយោធានៅតំបន់គ្រីម៉េ ជាជំហានៗ។ លោក Vladimir Saldo ជាមេដឹកនាំដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅទីក្រុង Kherson របស់អ៊ុយក្រែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនកំពុងបញ្ជូនយោធាជាច្រើនឆ្លងកាត់ទន្លេ។
-