ភ្នំពេញ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដល់ទៅជិត ៨សែននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងពីរដូសរួចរាល់ហើយនៅក្នុងយុទ្ធនាការរយៈពេល ៤១ថ្ងៃមកនេះ។
ក្រសួងការពារជាតិ បានឱ្យដឹងបែបនេះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងមួយនេះ។
បើតាមរបាយការណ៍ដដែលនេះ ពលរដ្ឋជិត ១លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយក្នុងនោះពលរដ្ឋជិត ៨០ម៉ឺននាក់ទទួលបានវ៉ាក់សាំងទាំងពីរដូសរួចរាល់។
ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ក្រសួងបានផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋសរុបដល់ទៅជាង ១លាន ៣០ម៉ឺននាក់ហើយនៅទូទាំងប្រទេស ក្នុងនោះពលរដ្ឋជាង ១លាន ៧ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកន្លងមកនេះ៕
