ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះថា ប្រទេសរុស្ស៊ីបានដាក់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយផ្សេងទៀត ដែលបំពាក់ដោយយាន អាវេងហ្គាដ (Avangard) លឿនជាងសំឡេង ដែលនិយាយថាជាចម្លើយរបស់ខ្លួនចំពោះប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។

ដោយត្រូវបានដំឡើងនៅឯមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក (Orenburg) ភាគនិរតីនៃប្រទេសរុស្ស៊ី យាន អាវេងហ្គាដ អាចផ្ទុកដោយមីស៊ីលបាលិស្ទិកអន្តរទ្វីប និងធ្វើដំណើរក្នុងល្បឿនរហូតដល់ ២៧ដងនៃល្បឿនសំឡេង ពោលគឺប្រហែល ៣៤.០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាហោះឆ្ពោះទៅរកគោលដៅរបស់វា។

មីស៊ីលប្រភេទនេះ គឺពិបាកសម្រាប់ប្រព័ន្ធការពារមីស៊ីលដើម្បីស្ទាក់ចាប់ ហើយរុស្ស៊ី ចាត់ទុកថាវាជាគន្លឹះក្នុងការរក្សាបាននូវស្ថានភាពនុយក្លេអ៊ែរនៃការបំផ្លាញគ្នាទៅវិញទៅមកឲ្យខ្ទេច។ រុស្ស៊ីបានដំឡើងមីស៊ីលបំពាក់ដោយយាន អាវេងហ្គាដ នេះជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៩ នៅមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក ដដែលនោះ៕