មន្ត្រីនគរបាលនៅវិមាន Capitol សហរដ្ឋអាមេរិក ក្នុងសម្លៀកបំពាក់បង្ក្រាបកុបកម្ម បានប៉ះទង្គិចជាមួយបាតុកររាប់សិបនាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ ដើម្បីទាមទារបទឈប់បាញ់នៅហ្កាហ្សា។

ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុមតស៊ូមតិចំនួនបីក្រុម និងបានធ្វើឡើងនៅក្នុងតំបន់មួយក្បែរវិមាន Capitol សហរដ្ឋអាមេរិក។ សមាជិកសភា ដែលនៅខាងក្នុងអគារគណៈកម្មាធិកាជាតិ DNC បាននិយាយថា នគរបាលបានជម្លៀសពួកគេចេញពីតំបន់នោះ។ នគរបាលនៅ វិមានCapitol សហរដ្ឋអាមេរិក បាននិយាយថាក្រុមមន្រ្តីកំពុងធ្វើការដើម្បីទប់ស្កាត់មនុស្សប្រមាណ ១៥០ នាក់ដែលបានធ្វើការតវ៉ាដោយខុសច្បាប់ និងដោយហិង្សា។

នគរបាលនៅវិមានCapitol បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពីបទបំពានមកលើមន្រ្តីម្នាក់។ អ្នករៀបចំ បានច្រានចោលការចោទប្រកាន់ថាបាតុករបង្កអំពើហិង្សា។ បាតុកម្មសាធារណៈជាច្រើន រួមមានទាំងគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានផ្ទុះរាលដាល នៅជុំវិញពិភពលោក ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកចូលអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។
សមាជិកសភាលោក Sean Casten បាននិយាយថា លោកត្រូវបានជម្លៀសចេញពីអគារគណៈកម្មាធិការជាតិ DNC បន្ទាប់ពី ត្រូវបានហ៊ុមព័ទ្ធដោយក្រុមបាតុករ ដែលបានរារាំងគ្រប់ទម្រង់នៃច្រកចូលនិងច្រកចេញ។ លោកនិយាយថា យើងត្រូវបានជួយសង្គ្រោះដោយមន្ត្រីប្រដាប់អាវុធ ដែលពុំបានដឹងពីចេតនារបស់ក្រុមបាតុករ ពួកគេដឹងតែថាសមាជិកសភានៅខាងក្នុង មិនអាចចាកចេញបាននោះទេ ហើយបាតុករមិន ឲ្យនគរបាលឆ្លងកាត់បាន។