ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តមួយគ្រឿងបានបើកបុករបាំងការពារនៅជិតច្រកចូលស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះ ហើយបុរសម្នាក់ វ័យ ៥០ឆ្នាំត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។

ទូរទស្សន៍ Fuji TV បាននិយាយថា នគរបាលម្នាក់បានរងរបួស។ មន្ត្រីម្នាក់នៅស្ថានទូតអ៊ីស្រាអែលបាននិយាយថា បញ្ហានេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាល ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ក្រុមមន្រ្តីនគរបាលបានបិទតំបន់ជុំវិញកន្លែងកើតហេតុនោះ ដែលរថយន្តពណ៌ខ្មៅមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដងផ្លូវពោរពេញដោយកំទេចកំទី។

បាតុកម្មគាំទ្រប៉ាឡេស្ទីនជាច្រើនបានធ្វើឡើងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនៅទីក្រុងតូក្យូ ក្នុងការតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ស្ទ្រីប។
កាលពីមួយខែមុន ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល មានក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានប្រឈមមុខដាក់គ្នាជាមួយនគរបាលនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងតូក្យូ៕