អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំចិន លោក ស៊ី ជីនពិង (Xi Jinping) បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ (ទី១៥ ខែវិច្ឆិកា) ដើម្បីបន្តទំនាក់ទំនងយោធា និងយោធា និងធ្វើការដើម្បីទប់ស្កាត់ការផលិតសារធាតុញៀន រួមជាមួយនឹងបញ្ហាបញ្ញាសិប្បនិមិត្ត (AI) បន្ទាប់ពីមានកិច្ចពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬAPEC នៅជាយក្រុង San Francisco សហរដ្ឋអាមេរិក។
ក្នុងជំនួបនោះ លោក បៃចិន និងលោក ស៊ី បានព្រមព្រៀងគ្នាថា ប្រទេសចិននឹងរារាំងការនាំចេញនូវមុខទំនិញខុសច្បាប់ ពោលគឺជាសារធាតុញៀន ដែលមានទាក់ទងដល់ការផលិតថ្នាំបំបាត់ការឈឺចាប់ (ថ្នាំស្ពឹក) ដែលជាដើមហេតុធំចម្បងនាំទៅរកការប្រើប្រាស់ថ្នាំជ្រុលហួសហេតុ (លើសដូស) នៅក្នុងសហរដ្ឋអាមេរិក។ ក្រោយមានការព្រមព្រៀងនេះ លោក បៃដិន បាននិយាយថា៖ «វានឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់» ហើយក្នុងពេលជាមួយគ្នា លោកក៏បានសារទរចំពោះ «ការប្តេជ្ញាចិត្ត» របស់លោក ស៊ី ក្នុងការជួយទប់ស្កាត់បញ្ហានេះ។
តែយ៉ាងណាក្ដី ទោះបាននិយាយពីលទ្ធផលប្រកបដោយផ្លែផ្កានេះ ក៏នៅពេលត្រូវអ្នកសារព័ត៌មានសួរនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននោះ លោក បៃដិន បានឆ្លើយថា រូបលោក នៅតែមិនផ្លាស់ប្តូរទស្សនៈរបស់លោក ដែលថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គឺជាជនផ្តាច់ការដ៏មានប្រសិទ្ធភាពនោះ ជាការអត្ថាធិប្បាយ ដែលទំនងជានឹងផ្ដល់ការខកចិត្តដល់ទីក្រុងប៉េកាំង បន្ទាប់ពីមេដឹកនាំទាំង២ បានជួបពិភាក្សាគ្នាដោយផ្ទាល់មុខ ក្រោយការរៀបចំអស់រយៈពេលជាច្រើនខែ៕

